ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូនេះ ឯកឧត្ដម ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានជួបពិភាក្សាការងារជាមួយឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ ឯកឧត្ដម ឱម យិនទៀង ថ្លែងថា នៅក្នុងជំនួបនេះ គឺមានគោលសំខាន់ ពិភាក្សាស្វែងរកការឯកភាព ឈានទៅរកការបង្កើតក្រុមការងារបច្ចេកទេសរួម ដើម្បីសិក្សា និងអនុវត្តបន្ត ការគ្រប់គ្រង ការចាត់ចែង និងរឹបអុសផលបទល្មើស ជាពិសេសបទល្មើសសំអាតប្រាក់។
ឯកឧត្ដម ទេសរដ្ឋមន្ត្រី ឱម យិនទៀង ថ្លែងថា ការបង្កើតក្រុមការងារបច្ចេកទេសរួមគ្នានេះ គឺនឹងជំរុញឲ្យមានការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីការចាត់ចែងជាបណ្ដោះអាសន្ន នៃវត្ថុចាប់យក ឬរៀបចំក្របខ័ណ្ឌគតិយុត្តិថ្មីទៀត និងរៀបចំជាអនុក្រឹត្យសម្រាប់ការងារចាត់ចែងជាបណ្ដោះអាសន្ន នូវវត្ថុចាប់យក និងរៀបចំចាត់ចែងផលបទល្មើស ក៏ដូចជាពន្លឿនការរឹបអុស តាមអំណាចសាលក្រម សាលដីកាស្ថាពរ ជាពិសេសផលបទល្មើសសំអាតប្រាក់។
ក្នុងជំនួបនេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្លែងថា គិតមកដល់ថ្ងៃនេះ ក្រសួងយុត្តិធម៌ បានអនុវត្តយុទ្ធនាការដោះស្រាយកកស្ទះសំណុំរឿងនៅតាមបណ្តាតុលាការរាជធានីខេត្ត បានចំនួនជាង២២២ថ្ងៃមកហើយ ហើយក៏មានតុលាការដំបូងប្រមាណជាងពាក់កណ្តាល គឺបានដោះស្រាយ និងបានបិទបញ្ចប់នូវយុទ្ធនាការនេះ ហើយក៏មានផលបទល្មើសជាច្រើនបានដោះស្រាយផងដែរ។
ឯកឧត្ដម កើត រិទ្ធ បន្តថា នៅពេលបច្ចុប្បន្ននេះ កម្ពុជានៅមិនទាន់មានច្បាប់មួយដើម្បីធនាការគ្រប់គ្រងលើវត្ថុតាង ឬវត្ថុរឹបអុស ដែលយើងត្រូវធ្វើការរៀបចំបង្កើតឡើង ខណៈការដោះស្រាយផលបទល្មើសកន្លងមក គឺយើងពឹងអាស្រ័យច្បាប់ពាក់ព័ន្ធនានា ជាពិសេសច្បាប់គ្រឿងញៀន និងច្បាប់ព្រៃឈើជាដើមដែលមានការរៀបចំការអនុវត្តខុសៗគ្នា។
ឯកឧត្ដម កើត រិទ្ធ បន្តថា ទោះយ៉ាងណា គ្រប់ច្បាប់ដែលដោះស្រាយពាក់ព័ន្ធផលបទល្មើសដែលត្រូវរឹបអុសទាំងអស់ គឺស្ថិតក្នុងក្រមព្រហ្មទណ្ឌ ហើយផលបទល្មើសរឹបអុសនោះ គឺត្រូវចាត់ចូលទ្រព្យសម្បត្តិរបស់រដ្ឋ៕