ភ្នំពេញ ៖ អ្នកនាំចេញនៅកម្ពុជា បានលើកឡើងថា នៅឆ្នាំ២០២១ខាងមុខ ការនាំអង្ករចេញទៅកាន់ទីផ្សារប្រទេសអង់គ្លេស សង្ឃឹមថា នឹងល្អប្រសើរ ខណៈដែលក្នុងមួយឆ្នាំៗអង្ករកម្ពុជាបង្ហាញវត្តមានលក់នៅប្រទេសនេះ ចន្លោះប្រមាណ ៣ទៅ៤ម៉ឺនតោន។
លោក លុន យ៉េង អគ្គលេខាធិការ នៃសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ថា ទាក់ទងការប្រកាសរបស់ក្រសួងពាណិជ្ជកម្ម អំពាវនាវឱ្យអ្នកនាំចេញ ត្រូវមកធ្វើការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ អេ (CO FORM A) គឺជាការល្អ ដើម្បីបញ្ជាក់ប្រភពដើមកំណើតទំនិញដែលនឹងត្រូវនាំចេញទៅកាន់អង់គ្លេស ដោយរួចពន្ធចាប់ពីដើមខែមករា ឆ្នាំ២០២១តទៅ។
លោក បន្តថា អង់គ្លេសចាកចេញពីសហគមន៍អឺរ៉ុប (អ៊ីយូ) ការផ្តល់ប្រពន្ធអនុគ្រោះពន្ធ ដាប់ប៊លយូធីអូ (WTO) មិនជារឿងអី្វផ្សេង ឬ ថ្មីនោះទេ ហើយការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ នេះជាការគោរពតាមច្បាប់ពាណិជ្ជកម្ម។
ពាក់ព័ន្ធនឹងការអំពាវនាវរបស់ក្រសួងពាណិជ្ជកម្មខាងលើ គឺបន្ទាប់ពីក្រសួងពាណិជ្ជកម្មអន្តរជាតិចក្រនៃភពអង់គ្លេស បានប្រកាសជាផ្លូវ ប្រទេសអភិវឌ្ឍន៍តិចតួចទាំង៤៧ ដែលរួមមានកម្ពុជា គឺនឹងទទួលបានការអនុគ្រោះពន្ធ (GSP) ក្នុងនោះ កម្ពុជា ត្រូវបានចាត់ថ្នាក់ក្នុងក្របខ័ណ្ឌនៃប្រទេសអភិវឌ្ឍន៍តិចតួច ដូច្នេះ រាល់ការនាំចូលពីកម្ពុជានឹងត្រូវរួចពន្ធ ជាមួយអត្រាពន្ធស្មើសូន្យរាល់គ្រប់មុខទំនិញ លើកលែងតែអាវុធ៕