បើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារគ្រោះមហន្តរាយសម្រាប់តំបន់ពីរនៃកោះ Luzon បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ១១ នាក់បានស្លាប់ និង ៩ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីព្យុះ Vamco បោកបក់លើប្រទេសហ្វីលីពីនក្នុងរយៈពេលច្រើនសប្តាហ៍ ។
ព្យុះទី ៣ ដែលបោកបក់លើប្រទេសហ្វីលីពីននេះ ក៏បានបង្កជាទឹកជំនន់ធ្ងន់ធ្ងរនៅទីក្រុងម៉ានីលកាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា មានកម្លាំងខ្យល់បក់រហូតដល់ ១៥៥ គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈដែលព្យុះនេះបក់កាត់កោះ Luzon របស់ប្រទេស បន្ទាប់ពីមានការបាក់ដីពេញមួយយប់ ។ អាជ្ញាធរបានព្រមានអំពីការបាក់ដី និងការស្លាប់ពីព្យុះអាចនឹងកើនឡើងនៅតាមបណ្តោយឆ្នេរសមុទ្រ ។
បន្ថែមពីនេះភ្លៀងធ្លាក់ខ្លាំងបានបិទទីក្រុងម៉ានីលដែលជារដ្ឋធានីដ៏ធំរបស់ប្រជាជនចំនួន ១២ លាននាក់ និងតំបន់ជុំវិញនានាដោយប្រែក្លាយផ្លូវថ្នល់ទៅជាដងទន្លេ ។
ស្របពេលជាមួយគ្នានេះកាកបាទក្រហម ប៉ូលិស យោធា និងអ្នកជួយសង្គ្រោះដទៃទៀតរបស់ហ្វីលីពីនបានប្រើទូកដើម្បីទៅដល់មនុស្សដែលជាប់គាំងនៅក្នុងផ្ទះរបស់ពួកគេក្នុងទីក្រុង Marikina City ជាតំបន់មួយដែលរងគ្រោះខ្លាំងជាងគេនៅរដ្ឋធានីដែលទឹកនៅតាមដងផ្លូវមួយចំនួនឡើងដល់កម្ពស់ត្រឹមស្មាមនុស្សធំ ។
លោក Casiano Monilla នាយរងផ្នែកការពារស៊ីវិលសម្រាប់ប្រតិបត្តិការជួយសង្គ្រោះបាននិយាយថា ទិន្នន័យពេញលេញសម្រាប់តំបន់ដែលរងផលប៉ះពាល់ទាំងអស់នៅលើកោះ Luzon មិនទាន់ត្រូវបានចេញផ្សាយនៅឡើយទេ ហើយចំនួនអ្នកស្លាប់ទំនងជានឹងកើនឡើងនៅពេលដែលអាជ្ញាធរវាយតម្លៃការបំផ្លិចបំផ្លាញ ៕
ពីវេបសាយបរទេស
ដោយ ណយវង្ស