ថ្វីត្បិតតែប្រទេសកម្ពុជាបានទទួលសេដ្ឋកិច្ចឌីជីថលបណ្តើរៗហើយក៏ដោយ ក៏មនុស្សរបស់កម្ពុជា ពិសេសយុវជនកម្ពុជានៅខ្វះជំនាញជាច្រើន រួមទាំងភាសាបរទេស ការដោះស្រាយបញ្ហាទំនាក់ទំនងផ្ទាល់មាត់ ការវិភាគផ្សេងៗ និងការគ្រប់គ្រងព័ត៌មានលើប្រព័ន្ធអនឡាញជាដើម ដើម្បីត្រៀមខ្លួនទទួលយកសេដ្ឋកិច្ចឌីជីថល ។ នេះបើតាមការអះអាងរបស់អ្នកជំនាញផ្នែកសេដ្ឋកិច្ចឌីជីថល ។
ដូច្នេះ យុវជនយើងចាំបាច់ត្រូវប្រឹងប្រែងរៀនសូត្រជំនាញ និងចំណេះដឹងថ្មីៗឲ្យបានច្រើនដោយខ្លួនឯង ដោយមិនបាច់ចាំមានការជួយពីក្រុមហ៊ុនណាមួយ ឬរដ្ឋាភិបាលនោះឡើយ ។
លោក អូនព័ន្ធ មុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងសិក្ខាសាលាស្តីពីគោលនយោបាយ និងទិសដៅស្ពីពីសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា កាលពីខែមីនា ឆ្នាំ ២០១៩ (Photo Phnom Penh Post)
អ្នកជំនាញម្នាក់បានលើកឡើងថា «ការយល់ច្រឡំថា ទាល់តែអ្នកចង់ធ្វើផ្នែក IT (ព័ត៌មានវិទ្យា) បានទៅរៀនឌីជីថលកើត ឥឡូវអ្នករៀនកសិកម្មក៏ដោយ ក៏ត្រូវរៀនឌីជីថលហ្នឹងដែរ ព្រោះអីគេអាចប្រើបច្ចេកវិទ្យា ដើម្បីពង្រឹងវិស័យកសិកម្មឲ្យមានផលិតភាពខ្ពស់ ដូច្នេះវិស័យអីក៏ដោយក៏ត្រូវរៀនផ្នែកហ្នឹងដែរ»។
ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា គួរផ្តោតបន្ថែមលើការអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យសេដ្ឋកិច្ចឌីជីថល ធ្វើការស្រាវជ្រាវ និងអភិវឌ្ឍការគ្រប់គ្រងធុរកិច្ចតាមបែបឌីជីថល និងបង្កើតយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍លើវិស័យនានាដែលពាក់ព័ន្ធនេះ ។
ងាកទៅក្រោយ កាលពីចុងខែមីនា ឆ្នាំ ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចូលរួមសន្និសីទថ្នាក់ជាតិមួយ ស្តីពីចក្ខុវិស័យប្រទេសកម្ពុជា «ឧស្សាហកម្ម ៤.០» ដែលជានិន្នាការស្វ័យប្រវត្តិកម្ម និងការផ្លាស់ប្ដូរទិន្នន័យនៅក្នុងបច្ចេកវិទ្យាផលិតកម្ម ឬការផ្លាស់ប្តូររបៀបនៃការផលិត ដោយពឹងផ្អែកខ្លាំងលើបច្ចេកវិទ្យា ជាជាងកម្លាំងមនុស្សផ្ទាល់ ក្នុងនេះសម្តេចបានលើកពីផលប្រយោជន៍ និងផលប៉ះពាល់ផ្សេងៗ ដែលនឹងកើតមានក្នុងការវិវឌ្ឍទៅរកសេដ្ឋកិច្ចឌីជីថលនេះ» ។
សម្តេចតេជោបានថ្លែងថា ««វាមានគុណសម្បត្តិរបស់វា ប៉ុន្តែយើងមិនត្រូវភ្លេចគុណវិបត្តិដែលជាបញ្ហាប្រឈមនៅក្នុងយុគសម័យថ្មីរបស់យើងនេះទេ បើអ្វីៗត្រូវបានធ្វើជំនួសដោយគ្រឿងយន្តទៅហើយនោះ ។ តើបញ្ហាការបាត់បង់ការងារធ្វើរបស់មនុស្សវានឹងទៅជាអ្វី?»
បច្ចុប្បន្ននេះ ក្រុមហ៊ុននៅប្រទេសកម្ពុជាបានពឹងលើបច្ចេកវិទ្យាកាន់តែខ្លាំងឡើងៗដើម្បីសម្រួលប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ខណៈដែលប្រទេសនេះនៅមានចំនួននិស្សិតតិចតួច ដែលសិក្សាជំនាញវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងកសិកម្ម។ នេះបើយោងតាមការស្រាវជ្រាវ។
អ្នកជំនាញផ្នែកនយោបាយឌីជីថលមកពីប្រទេសអាល្លឺម៉ង់បានលើកឡើងថា ប្រទេសកម្ពុជាកំពុងដើរលើផ្លូវត្រឹមត្រូវហើយ ប៉ុន្តែកម្ពុជាត្រូវប្រឹងប្រែងបន្ថែមក្នុងការពង្រឹងជំនាញបច្ចេកវិទ្យាដល់យុវជន។
ដូច្នេះអ្វីដែលយើងចង់និយាយពេលនេះ គឺការបណ្តុះបណ្តាលធនធានមនុស្សទៅលើវិស័យសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ៕