ជាសញ្ញាគ្រោះថ្នាក់ នៅពេល ត្រាំ បណ្តេញរដ្ឋមន្ត្រីការពារជាតិមុនអស់អាណត្តិ

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី11 ខែវិច្ឆិការ ឆ្នាំ2020 ម៉ោង 1:20 នាទី ល្ងាច

ដោយ សូរ្យសែង៖

រឿងនេះដោយសារលោក ត្រាំ និងរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋ មានទំនាស់គ្នា ក្រោយពីលោករដ្ឋមន្ត្រី មិនប្រើកម្លាំងយោធារំលាយបាតុករកាលពីខែមិថុនាកន្លង ។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបណ្តេញរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋ គឺលោក ម៉ាក អេស្ពើរ ចេញពីការងារ រួចបានយកលោក គ្រីស្តូហ្វើរ មិល្លឺ ប្រធានមជ្ឈមណ្ឌលប្រឆាំងភេរវកម្មសហរដ្ឋ ឡើងមកជំនួសភ្លាម ។

រដ្ឋាភិបាល ត្រាំ មិនបានចេញសេចក្តីថ្លែងការណ៍ដល់ហេតុផល នៃការបណ្តេញចេញនោះទេ ប៉ុន្តែគាត់ និង ម៉ាក មានទំនាស់នឹងគ្នាអំពីរឿងបាតុកម្ម «ភាពមិនយុត្តិធម៌ខាងរើសអើងពូជសាសន៍» របស់ជនជាតិអាមេកាំង ដែលមិនបេញចិត្តចំពោះការស្លាប់របស់លោក ចច ប្លយ កាលពីខែមិថុនាកន្លងទៅនេះ ដែលពេលនោះ លោក ត្រាំ ប្រមើលមើលឃើញ ថា គួរប្រើកម្លាំងយោធារំលាយក្រុមបាតុករ ប៉ុន្តែលោក ម៉ាក មិនយល់ស្រប ដោយវាស់ដឹងថា បាតុកម្មមិនមានកម្រិតខ្លាំងដែលត្រូវប្រើកម្លាំងយោធា​ ។

រីឯខាងគណបក្សប្រជាធិបតេយ្យ (Democrat) និយាយថា ការបណ្តេញលោក ម៉ាក បានបញ្ជូនសញ្ញា«គ្រោះថ្នាក់» មួយ សម្រាប់ការផ្លាស់ប្តូរប្រធានាធិបតី ដែលលោក ចូ បៃដេន (Joe Biden) ជាអ្នកឈ្នះឆ្នោត ហើយនឹងចូលមកជំនួសដោយលោក ត្រាំ ក្រោយមានការសន្និដ្ឋានថា លោក ត្រាំ នឹងតស៊ូរហូតដល់ទីបញ្ចប់ ដើម្បីបង្វែរលទ្ធផលឆ្នោត ទៅជាអ្នកឈ្នះជំនួស បៃដេន វិញ!

លោក ណេនស៊ី ផេឡូស៊ី ប្រធានសភាសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា «ការដែល ត្រាំ បណ្តេញរដ្ឋមន្ត្រីការពារជាតិចេញ បង្ហាញឲ្យឃើញដល់ភាពខ្វល់ខ្វាយដែល ត្រាំ មុនអស់អាណត្តិ និងជាការគំរាមកំហែងប្រព័ន្ធប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក និងទូទាំងពិភពលោក» ។

ការដកតំណែងពីលោក ម៉ាក កើតឡើងត្រឹម ២ ថ្ងៃ ក្រោយលោក ត្រាំ ចាញ់ បៃដេន ដោយ ត្រាំ គ្មានឥរិយាបថនឹងព្រមចុះចាញ់ឡើយ ហើយកំពុងត្រៀមប្តឹងរៀបរយហើយ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល

សុនខសេតវិមាន
សុនខសេតវិមាន
4 ឆ្នាំមុន

ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម