ក្នុងព្រឹត្តិការណ៍ដ៏ជ្រួលច្របល់នៃការឆ្លងមេរោគកូវីដ-១៩ ពីរដ្ឋមន្ត្រីការបរទេសហុងគ្រី នោះជាការចាប់ផ្តើមបារម្ភឡើងវិញ ដូច្នេះហើយទើបមានការបង្ហោះរូបថតរបស់ថ្នាក់ដឹកនាំមួយចំនួន ដែលស្លៀកពាក់ជាឯកសណ្ឋានស័ក្តិ ក្នុងនោះក៏មានរូបលោក ហ៊ុន ម៉ានី ផងដែរ ដែលឈរនៅជិតលោក សួស យ៉ារ៉ា ដែលក្រសួងសុខាភិបាលរកឃើញថាមានឆ្លងមេរោគកូវីដ១៩ ។
ដើម្បីឲ្យភ្លឺភ្នែក ភ្លឺអារម្មណ៍ដល់អ្នកបង្ហោះរូបថតនោះ និងបកស្រាយជូនសាធារណជន ឲ្យបានជ្រាប លោក ហ៊ុន ម៉ានី បានសរសេរបកស្រាយដូចខាងក្រោម ៖
«ដោយបានឃើញនូវរូបភាពរបស់ខ្ញុំ និងថ្នាក់ដឹកនាំមួយចំនួនទៀត ត្រូវបានបង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គម និងដោយបានផ្សារភ្ជាប់ខ្ញុំទៅនឹងឯកឧត្តម សួស យ៉ារ៉ា ដែលត្រូវបានក្រសួងសុខាភិបាលប្រកាសថា បានឆ្លងជំងឺកូវីដ-១៩ ខ្ញុំសូមជម្រាបជូនដល់សាធារណជនទាំងអស់ថា រូបភាពទាំងនោះ គឺជារូបភាពចាស់ កាលពីឆ្នាំ២០១៩ កាលដែលយើងទាំងអស់គ្នាបានទៅចូលរួមបុណ្យឯករាជ្យជាតិ ។
ស្ថានភាពសុខភាពរបស់ខ្ញុំមានភាពប្រក្រតី ហើយក្នុងរយៈកាលក្រោយព្រឹត្តិការណ៍ ៣ វិច្ឆិកានេះ ខ្ញុំមិនបានជួបប្រាស្រ័យទាក់ទងជាមួយឯកឧត្តម សួស យ៉ារ៉ា ឬអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា នោះទេ» ។
រឿងនេះមិនខុសពីពាក្យស្លោករបស់សម្តេចតេជោ ហ៊ុន សែន ក្នុងជំនួបអ្នកកាសែតកាលពីខែមករា ឆ្នាំ ២០២០ ថា «អ្នកកាសែតកុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត» ប៉ុន្តែអ្នកបង្ហោះរូបថតនេះអាចជាអ្នកលេងហ្វេសប៊ុក ។ តើងជាចេតនា ឬអចេតនា? ការដែលយករូបថតចាស់ (ឆ្នាំ ២០១៩) ដែលមានរូបលោក ហ៊ុន ម៉ានី មកបង្ហោះចង់មានន័យថាលោក ហ៊ុន ម៉ានី អាចឆ្លងពីលោក សួស យ៉ារ៉ា ។ អ្នកបង្ហោះមានដឹងថា រូបនោះជារូបចាស់ឬអត់?
ដូច្នេះពេលនេះសាធារណជនបានជ្រាបហយ លោក ហ៊ុន ម៉ានី បានបកស្រាយគឺគ្រប់គ្រាន់ច្បាស់ការណ៍ហើយ ៕
ដោយ សូរ្យសែង