ជាដំណឹងល្អមួយ និងគួរឲ្យរីករាយ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារជូនដំណឹងនៅលើផេកហ្វេសប៊ុករបស់សម្តេចនារសៀលថ្ងៃទី ៩ វិច្ឆិកា ស្តីអំពីលទ្ធផលធ្វើតេស្តសំណាក គឺឃើញ ទាំងរូបសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងអ្នកនៅជុំវិញគឺ «អវិជ្ជមាន» និងបន្តពិនិត្យតាមដានចត្តាឡីស័កលើកទី ២-៣-៤ ជាបន្តទៀត។ ខ្លឹមសារទាំងស្រុងមានដូចខាងក្រោម ៖
«ថ្ងៃនេះ៩ វិច្ឆិកា ២០២០ ក្រុមគ្រូពេទ្យបានយកសំណាកខ្ញុំនិងភរិយាព្រមទាំងអ្នកនៅជាមួយនិងអ្នកនៅជាប់ខ្ញុំទាំងអស់ទៅធ្វើតេស្តជាលើកទី២ ។
លទ្ធផលគឺអវិជ្ជមានទាំងអស់ គឺជាលទ្ធផលល្អសម្រាប់ដំណាក់កាលទី២ក្នុងចំណោម ៤ ដំណាក់កាល។ ខ្ញុំត្រូវធ្វើចត្តាឡីស័កបន្តទៀតនឹងរង់ចាំការធ្វើតេស្តជាលើកទី៣នៅថ្ងៃទី១៤ វិច្ឆិកា និងលើកទី៤នៅថ្ងៃទី១៨វិច្ឆិកា។
ខ្ញុំកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តបងប្អូនជិត ៩០០ នាក់ផ្សេងទៀតដែលបានប៉ះពាល់ដោយផ្ទាល់ឬដោយប្រយោលពីព្រឹត្តិការដែលខ្ញុំសូមដាក់ឈ្មោះថា(ព្រឹត្តិការណ៍ ៣វិច្ឆិកា)។
ព្រឹត្តិការ(៣វិច្ឆិកា)នឹងត្រូវបិទបញ្ចប់នៅក្រោយពេលដែលមនុស្សប្រមាណ៩០០នាក់ដឹងថាវិជ្ជមានឬ អវិជ្ជមានដែលត្រូវការពេលប្រមាណ៣សប្តាហ៍ទៀត។ ដើម្បីកំរិតកុំអោយមនុស្សកើនឡើង តម្រូវអោយអ្នកដែលបាននិងកំពុងធ្វើចត្តាឡី ស័កកុំចេញទៅជួបជាមួយមនុស្សផ្សេងទៀត។ ប្រសិនជួបជាមួយអ្នកណាត្រូវយកអ្នកនោះមកធ្វើតេស្តនិងធ្វើចត្តាឡីស័ក ថែមទៀតដែលនឹងធ្វើអោយកាន់តែលំបាកប្រើពេលកាន់តែយូរមនុស្សកាន់តែច្រើន។
ដើម្បីបញ្ជៀសករណីដូចដែលខ្ញុំលើកឡើងខាងលើ ខ្ញុំសុំចេញបទបញ្ជាអោយក្រសួងសុខាភិបាល អាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្តាលពិនិត្យតាមដានគ្រប់មនុស្សដែលបាននិងកំពុងធ្វើចត្តាឡីស័ក ប្រសិនពួកគាត់អនុវត្តន៍មិនបានត្រឹមត្រូវក្នុងការធ្វើចត្តាឡីស័កតាមផ្ទះទេ សូមអញ្ជើញពួកគាត់ទៅធ្វើចត្តាឡីស័កតាមទីកន្លែងដែលរៀបចំដោយក្រសួងសុខាភិបាល ដោយមានការយាមកាមពីកម្លាំងនគរបាល ឬកងរាជអាវុធហត្ថអោយបានហ្មត់ចត់។
នេះគឺជាគន្លឹះក្នុងការឈានទៅបញ្ចប់ព្រឹត្តិការណ៍ ៣វិច្ឆិកាអោយបានឆាប់តាមរយៈកុំអោយកើនចំនួនមនុស្សពាក់ព័ន្ធដែលនាំដល់អូសពេលវេលាកាន់តែវែង។ សូមកុំអោយកំទេចភ្លើងក្លាយជាអគ្គីភ័យតាមរយៈការធ្វេសប្រហែសរបស់យើង សូមជួយពន្លត់ភ្លើង និង សុំកុំអង្គុយបក់ផ្សែង។
ព្រឹត្តិការ៣វិច្ឆិកានឹងបញ្ចប់ក្នុងខែវិច្ឆកានេះ ដែលមិនត្រូវពន្យាពេល។ សូមជូនពរបងប្អូនជនរួមជាតិឃ្លាតឆ្ងាយពី កូវីដ១៩»៕
Admin សូរ្យរិទ្ធ