បន្ទាប់ពីបានទទួលព័ត៌មានប្រធានប្រតិភូហុងគ្រី មានមេរោគកូវីដ-១៩ នៅប្រទេសថៃ ក្រុមគ្រូពេទ្យនៃក្រសួងសុខា ភិបាលកម្ពុជា បានរួសរាន់ប្រមូលអ្នកក្រុមការងារដែលមានទំនាក់ទំនងជាមួយ យកសំណាកទៅធ្វើតេស្តជាបន្ទាន់ ក្នុងនេះក៏មានក្រុមគ្រួសាររបស់សម្តេចផងដែរ ។ បន្ទាប់មកសម្តេចនាយរដ្ឋមន្ត្រី ក៏បានបង្ហោះសារមួយជូនជនរួមជាតិ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖
បន្ទាប់ពីទទួលបានព័ត៍មានថារដ្ឋមន្ត្រី ក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រីដែលមកទស្សនៈកិច្ចនៅកម្ពុជានៅ ថ្ងៃទី៣វិច្ឆិកា២០២០ ម្សិលម៉ិញមានវិជ្ជមានកូវីដ១៩ ដែលរកឃើញនៅប្រទេសថៃបន្ទាប់ពីគាត់ចាកចេញពីកម្ពុជា។ ថ្ងៃនេះក្រុមគ្រូពេទ្យកម្ពុជាបានប្រញាប់ប្រញាល់ប្រមូលអ្នកមានទំនាក់ទំនងទាំងអស់ដើម្បីយកសំណាកទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ។
ដោយឡែកនៅផ្ទះខ្ញុំមានរូបខ្ញុំ និងភរិយា ក្រុមអង្គរក្ស អ្នកបើកបរសរុប១៨នាក់ លទ្ធផលនៃការធ្វើតេស្តបញ្ជាក់ថា អវិជ្ជមានទាំងអស់មិនមានអ្នកណាឆ្លងជំងឺកូវីដ១៩ នោះទេ។
ទោះបីខ្ញុំមិនមានឆ្លងកូវីដ១៩ ក្តី តែដើម្បីសុវត្ថិភាពទាំងអស់គ្នា គ្រូពេទ្យតម្រូវឱ្យខ្ញុំរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ សូម្បីតែភរិយា កូន និងចៅក៏មិនអាចជួបបានដែរ។
ទួលព្រះបង្គំសូមព្រះរាជទានទោសពីអង្គព្រះមហាក្សត្រ និងហ្លួងម៉ែដែលទួលព្រះបង្គំមិនអាចដង្ហែរព្រះអង្គយាងមកពីសាធារណរដ្ឋប្រជាមានិតចិននិងដង្ហែរ ព្រះអង្គប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ៩វិច្ឆិកាបាន។
សូមអភ័យទោសពីបងប្អូនជនរួមជាតិនៅខេត្តពោធិសាត់ បាត់ដំបងនិងបន្ទាយមានជ័យ ដែលខ្ញុំមិនអាចចូលរួមចែកស្រូវពូជនិងជំនួយសង្រ្គោះបានដែលខ្ញុំនឹងចាត់តំណាងទៅចែកជំនួស។ សូមលើកពេលថ្ងៃបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែនៅខេត្តសៀមរាបដែលគ្រោងធ្វើនៅថ្ងៃ ១៦វិច្ឆិកា២០២០ទៅពេលក្រោយវិញ។
សូមអធ្យាស្រ័យពីសំណាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន និងដៃគូពាក់ព័ន្ធទាំងអស់ដែលខ្ញុំមិនអាចចូលរួមប្រជុំបានដែលខ្ញុំនឹងចាត់តំណាងចូលរួមពីថ្ងៃ១២ ដល់ថ្ងៃ១៥វិច្ឆិកា២០២០ខាងមុខនេះ។ទោះត្រូវអាក់ខានចេញពីផ្ទះដែលជាការតម្រូវរបស់គ្រូពេទ្យក្នុងការធ្វើចត្តាឡីស័ក១៤ថ្ងៃ តែខ្ញុំនៅតែបំពេញការងារ ដោយពិនិត្យសម្រេចនិងចុះហត្ថលេខាលើឯកសារនានារបស់រាជរដ្ឋាភិបាលបានដដែល។ សមាជិករាជរដ្ឋាភិបាលអភិបាលខេត្ត និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធនៅតែអាចរាយការណ៍ ឬសុំយោបល់ខ្ញុំបានដដែល។ ខ្ញុំនៅតែអាចហាត់ប្រាណ រាប់ទាំងវាយកូនគោលនៅក្នុងបរិវេណផ្ទះបានដដែលគ្រាន់តែមិនឱ្យមនុស្សដទៃមកជិតប៉ុណ្ណោះ។
នេះជាវិធីដែលល្អបំផុតដើម្បីសុវត្ថិភាពនិងសុខភាពទាំងអស់គ្នា។ ខ្ញុំសូមអរគុណចំពោះបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសដែលបារម្ភពីសុខភាពខ្ញុំនិងជូនពរដល់ខ្ញុំ ៕
ព័ត៌មានចុងក្រោយ ជាដំណឹងល្អៗ លទ្ធផលធ្វើតេស្តរដ្ឋមន្រ្តី និងមន្រ្តីៗទាំងអស់ដែលពាក់ព័ន្ធគណៈប្រតិភូរបស់រដ្ឋមន្រ្តីការបរទេស ហុងគ្រី លទ្ធផល «អវិជ្ជមាន» បូករួមទាំងបុគ្គលិក FN របស់យើងដែរ (ធ្វើតេស្តថ្ងៃនេះសរុបចំនួន៦២៨នាក់) ។
តាមពិសោធន៍ ជំងឺកូវីដ-១៩ ដែលទើបឆ្លង មិនអាចមានលទ្ធភាពចម្លងទៅអោយអ្នកដទៃឡើយ ទី១ និងទី២ ចំណុចកត់សម្គាល់ធំជាងគេ និងសំខាន់ជាងគេករណីរដ្ឋមន្រ្តីការបរទេសហុងគ្រី គឺគណៈប្រតិភូអមដំណើរដែលជិះយន្តហោះ និងនៅជិតគាត់ទាំងអស់ មិនមានអ្នកឆ្លងពីគាត់ឡើយ ៕