ប្រើឈើចាក់ឆ្មេញ ដោះខ្នោះដៃ រត់ចេញពី​សាលាដំបូង រាជធានីភ្នំពេញ​ កាលពី៩ខែមុន ឥឡូវចាប់បាន

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី21 ខែមេសា ឆ្នាំ2020 ម៉ោង 6:14 នាទី ល្ងាច

អតីតប៉ូលិស ដែលជាប់ទោសទណ្ឌ រឿងកាច់កម៉ូតូ និងប្រើឈើចាក់ឆ្មេញ ដោះខ្នោះដៃ រត់ចេញពី​សាលាដំបូង រាជធានីភ្នំពេញ​ កាលពី៩ខែមុន ឥឡូវចាប់បាន

ភ្នំពេញ​ ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួនបាន ជាមួយវត្ថុតាង សម្ភារៈកាច់កម៉ូតូ កាលពីវេលាម៉ោង១និង៥នាទីយប់ រំលងអធ្រាត្រ​ ឈានចួល ថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០ នៅចំណុចខាងក្រោយ ផ្សារសឡា​ ភូមិមានជ័យ​ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

 

លោកអនុសេនីយ៍ឯក​ ភក្ដី​ ម៉ាណេត​ ប្រធានក្រុម អន្តរាគមន៍ពិសេស​ នៃអធិការដ្ឋាន ខណ្ឌមានជ័យ​ បានឱ្យដឹងថា មុនឈាន ដល់ការឃាត់ខ្លួន ក្រុមខាងលើ គឺសមត្ថកិច្ច កំពុងតែល្បាត លុះមកដល់ក្រោយ ផ្សារសឡា ក៏ប្រទះឃើញ ជនត្រូវចោទ កំពុងជិះម៉ូតូមួយគ្រឿង​ ម៉ាកហុងដា ឌ្រីមសង់​ ស៊េរីចាស់​ ឌុបគ្នា​តាមផ្លូវ ទេីប​កម្លាំងឃាត់ សួរនាំ​ រកឃើញ ដែកចុងស្រួលចំនួន១ សោរទីបលេខ៨ ​ចំនួនមួយ និងដែកសរសៃចំនួន១ ទេីបចាប់វាយខ្នោះ នាំមកស្នាក់ការប៉ុស្តិ៍ រួចបញ្ជូន ទៅអធិការដ្ឋានតែម្ដង ។

 

ជនទាំង២នាក់នោះមាន ឈ្មោះ អឹម រតនៈ ហៅ អាកណ្ដុរ ភេទប្រុស អាយុ៣២ឆ្នាំ ជាអតីតមន្ត្រី នគរបាល រដ្ឋបាលប៉ុស្តិ៍ បឹងទំពន់ និងទី២ឈ្មោះ លី តុងហួរ ភេទប្រុស​ អាយុ២៧ឆ្នាំ ។ សូមរំលឹកថា អឹម រតនៈ ហៅ អាកណ្ដុរ បានឆ្កឹះសោរខ្នោះ​ដៃ លួចរត់ចេញពី​ សាលាដំបូង រាជធានីភ្នំពេញ​ កាលពី៩ខែមុន ( វេលាម៉ោង៤និង៥០នាទី ល្ងាច ថ្ងៃទី១៨ខែសីហា ឆ្នាំ២០១៩ ) ខណៈសមត្ថកិច្ចបញ្ជូន សំណុំរឿង ជននេះពីបទ លួចកាច់កម៉ូតូ ។ ជននោះនិយាយថា គេបានប្រើឈើចាក់ធ្មេញ ដោះខ្នោះដៃ រួចលួចរត់ចេញបានតែម្ដង ៕

 

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម