ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំនិងអាជ្ញាធរស្រុកស្ទោង ចុះយុទ្ធនាការបូមទឹកសង្គ្រោះស្រូវកសិករបានជាង១.២០០ហិចតា

ព័ត៌មានសង្គមថ្ងៃសុក្រ ទី05 ខែកក្កដា ឆ្នាំ2024 ម៉ោង 3:11 នាទី ល្ងាច

ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំនិងអាជ្ញាធរស្រុកស្ទោង ចុះយុទ្ធនាការបូមទឹកសង្គ្រោះស្រូវកសិករបានជាង១.២០០ហិចតា

   នៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤  ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំនិងអភិបាលស្រុកស្ទោង ព្រមទាំងសហការី បានចុះអន្តរាគមន៍សម្របសម្រួលបែងចែកបញ្ជូនទឹកសង្គ្រោះដំណាំស្រូវកសិករចំនួនជាង១.២០០(មួយពាន់ពីររយ)ហិចតា នៅក្នុងឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលកំពុងជួបគ្រោះរាំងស្ងួតហើយប្រឈមនឹងការខូចខាតដោយការខ្វះខាតទឹក។

 លោក សាយ គឹមឡម អភិបាលស្រុកស្ទោង.បានណែនាំដល់អាជ្ញាធរមូលដ្ឋានក៏ដូចជាជំនាញពាក់ព័ន្ធ ត្រូវសម្របសម្រួលតាមដានរាល់ស្ថានភាពស្រែស្រូវរបស់កសិករដែលកំពុងប្រឈមនឹង គ្រោះរាំងស្ងួតដែលបានអូសបន្លាយពេលវេលាវែង នាដើមវស្សាឆ្នាំនេះដែលភ្លៀងមិនទាន់គ្រប់គ្រាន់ ដើម្បីអន្តរាគមន៍នាំទឹកជួយសង្គ្រោះស្រូវពីអាងទឹក៣០កញ្ញាឱ្យបានទាន់ពេលវេលា។

    លោក ប៉ែន វណ្ណរិទ្ឋិ បានសំណូមពរយ៉ាងទទូចដល់ប្រជាពលរដ្ឋសូមមានការយោគយល់អធ្យាស្រ័យគ្នា ដែលមានការបែងចែក និងបញ្ជូនទឹកតាមវេននៃប្រឡាយទឹកទៅសង្គ្រោះស្រែស្រូវមានសភាពយឺតយ៉ាវ ឬមិនទាន់គ្រប់គ្រាន់ទៅតាមស្ថានភាព ពីព្រោះប្រឡាយមេរបស់យើងតូចហើយស្ថានភាពបរិមាណស្រែស្រូវដែលត្រូវសង្គ្រោះមានច្រើនហិចតា គឺត្រូវការពេលវេលាជាក់ស្ដែង។

      ជាមួយគ្នានេះប្រជាពលរដ្ឋនៅក្នុងឃុំសំព្រោជបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ និងលោកអភិបាលស្រុកស្ទោង ដែលតែងតែយកចិត្តទុកដាក់ និងបានចុះសម្របសម្រួល អន្តរាគមន៍បែងចែកបញ្ជូនទឹកសង្គ្រោះស្រែស្រូវរបស់គាត់នៅក្នុងឱកាសនេះ។

      គួរបញ្ជាក់ផងដែរថា ដោយសាររដូវវស្សាឆ្នាំនេះមានសភាពយឺតយ៉ាវក្នុងការឈានមកដល់ធ្វើឱ្យទឹកភ្លៀងមិនមានគ្រប់គ្រាន់ស្រោចស្រពដល់ស្រូវកសិករ ហើយស្រូវដែលត្រូវសង្គ្រោះបឋមនៅពេលនេះមានចំនួនជាង១២០០(មួយពាន់ ពីររយ)ហិចតា។
សំបូរកំពង់ធំ.០៤.០៧.២៤។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម