ភ្នំពេញ៖ កម្ពុជា នឹងទទួលរងនូវឥទ្ធិពលនៃជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ។ បន្តពីថ្ងៃទី២-៥ ខែតុលា ប្រព័ន្ធសម្ពាធទាបក៏នឹងកកើតឡើងសារជាថ្មី អូសបន្លាយលើប្រទេសថៃ ឡាវ និងវៀតណាម។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។
ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី ២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី ៣២-៣៤°C អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម។ ចាប់ពីថ្ងៃទី២-៥ ខែតុលា កម្រិតទឹកភ្លៀងអាចកើនពីតិចទៅបង្គួរ ក្នុងនោះក៏អាចមានផ្នែកមួយចំនួននៃរាជធានី-ខេត្ត នៅវាលទំនាបភាគខាងក្រោម និងបណ្តាខេត្តជាប់នឹងប្រទេសវៀតណាម។
សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងមានសីតុណ្ហភាពអប្បបរមាពី ២២-២៥°C និងសីតុណ្ហភាពអតិបរមាពី ៣០-៣២ °C អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅបង្គួរ។
ដោយឡែក នៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី ២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី ៣០-៣២°C អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ៕